ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល ដើម្បីពិនិត្យពី វឌ្ឍនភាពនៃការអនុវត្តការងារហិរញ្ញប្បទានសុខាភិបាល សាធារណៈប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ មុំ ពុទ្ធីតា អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីអង្គភាពជុំ វិញខេត្ត។
កិច្ចប្រជុំប្រចាំត្រីមាសទី៣នេះ ជាវេទិកាដ៏សំខាន់ក្នុងការត្រួតពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារហិរញ្ញប្បទានសុខាភិបាលក្នុងខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុក្នុងវិស័យសុខាភិបាល ឱ្យឆ្លើយតបទៅនឹងតម្រូវការសេវាសុខភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ កិច្ចប្រជុំក៏ជាឱកាសសម្រាប់អ្នកពាក់ព័ន្ធក្នុងការពិនិត្យវឌ្ឍនភាពការងារ ផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលអាចជះឥទ្ធិពលដល់ការអនុវត្តការងារហិរញ្ញប្បទានសុខាភិបាល ព្រមទាំងស្វែងរកវិធានការសមស្របសម្រាប់ពង្រឹងការសម្របសម្រួល និងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ។
ការងារហិរញ្ញប្បទានសុខាភិបាល មានតួនាទីសំខាន់ក្នុងការគាំទ្រដល់ដំណើរការផ្តល់សេវាសុខភាពសាធារណៈ ជាពិសេសការលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាព សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរយៈកិច្ចប្រជុំនេះ ការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធ បានបង្ហាញពីការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហការក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ៕